Telegram-English
Facebook-English

លោក Didier Deschamps សរសើរខ្សែប្រយុទ្ធ Randal Kolo Muani ក្រោយបង្កើតឱកាសជួយបារាំងឈ្នះបែលហ្ស៊ីក នៅ UEFA Euro 2024

ត្រលប់ទៅព័ត៌មានវិញ
Thumb

គ្រូបង្វឹក លោក Didier Deschamps បានធ្វើការលើកសរសើរពីខ្សែប្រយុទ្ធ Randal Kolo Muani ថាជាកីឡាករមានភាពវិជ្ជមានមួយរូប ក្រោយពីរូបគេបានបង្កើតឱកាសជួយក្រុមបាល់ទាត់ជម្រើសជាតិបារាំងឈ្នះក្រុមជម្រើសជាតិបែលហ្ស៊ីកនៅវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Euro 2024។

ការប្រកួតនាកីឡដ្ឋាន Düsseldorf Arena កាលពីយប់មិញ នៅវគ្គទី១ ក្រុមទាំងសងខាងមិនអាចរកគ្រាប់បាល់បាននោះទេ។

ចូលដល់ដើមវគ្គទី២ ភាពស្ងប់ស្ងាត់នៅតែកើតមានរវាងក្រុមបារាំង និង ក្រុមបែលហ្ស៊ីក ដ្បិតក្រុមទាំង២មានការវាយសម្រុក និងការការពារល្អដូចគ្នា។ យ៉ាងណា នៅចុងវគ្គទៅហើយ ពោលនៅនាទី ៨៥ ខ្សែប្រយុទ្ធ Randal Kolo Muani មានឱកាសបណ្តើរបាល់ និងស៊ុតសំដៅទីក្រុមបែលហ្ស៊ិក ទៅប៉ះជើងខ្សែការពារ Jan Vertonghen ចូលទីខ្លួនឯង ដើម្បីអោយបារាំងនាំមុខ ១-០។ លទ្ធផល បារាំង ១ បែលហ្ស៊ីក ០ ក៏បន្តដល់ចប់ការប្រកួត។

ជាមួយការបង្កើតឱកាសរកគ្រាប់បាល់តែ១គ្រាប់ ដោយ Randal Kolo Muani ដែលធ្វើអោយបារាំងទទួលជ័យជំនះ បានធ្វើអោយគ្រូបង្វឹកលោក Didier Deschamps មានការកោតសរសើរលើកីឡាករវ័យ ២៥ឆ្នាំ រូបនេះ ដោយថា ទោះជារូបលោកមិនសូវដាក់គេចូលលេងប៉ុន្តែគេនៅតែភាពវិជ្ជមានក្នុងការជួយក្រុមអោយអស់ពីសមត្ថភាពដដែល។ ជាក់ស្តែង ការចូលលេង កាលពីយប់មិញ ជាការបង្ហាញខ្លួនលើកទី១៩ប៉ុណ្ណោះ សម្រាប់ Randal Kolo Muani។

ជុំវិញរឿងនេះ លោក Didier Deschamps បានអោយដឹងក្រោយចប់ការប្រកួតថា “ Randal ជាកីឡាករមានភាពវិជ្ជមាន។ ទោះបីជាខ្ញុំមិនបានដាក់រូបគេចូលលេងច្រើនក៏ដោយ ប៉ុន្តែគេនៅតែព្យាយាមយ៉ាងខ្លាំង ក្នុងការជួយក្រុមរបស់យើង។ នោះគឺជាចំនុចល្អមួយរបស់គេ និងកាន់តែល្អសម្រាប់ក្រុមទាំងមូល ហើយគេទទួលបានទំនុកចិត្តទាំងស្រុងពីខ្ញុំ។”

សូមបញ្ជាក់ថា ជ័យជំនះនេះបានធ្វើអោយបារាំងត្រូវឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ UEFA Euro 2024 ខណៈបែលហ្ស៊ីកត្រូវវិលត្រឡប់ទៅផ្ទះវិញត្រឹមវគ្គ១៦ក្រុមចុងក្រោយនេះ៕

សេវាបំរើអតិថិជន