Telegram-English
Facebook-English

គ្រូបង្វឹកក្រុមតួកគីថា ពេញចិត្តការលេងរបស់កូនក្រុមក្រោយឈ្នះអូទ្រីស កាលពីយប់មិញ

ត្រលប់ទៅព័ត៌មានវិញ
Thumb

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិតួកគី លោក Vincenzo Montella បានបង្ហាញពីការពេញចិត្តចំពោះការលេងបានល្អរបស់កូនក្រុម ក្រោយពីពួកគេបានយកឈ្នះក្រុមជម្រើសជាតិអូទ្រីស នៅក្នុងវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Euro 2024 ។

ជាការពិត ការប្រកួតនាកីឡដ្ឋាន Red Bull Arena Leipzig កាលពីយប់មិញ ក្រុមតួកគីបានរងការគាបសង្កត់ ពីគូប្រជែងរបស់ខ្លួន ដោយមានឱកាសគ្រប់គ្រងបាល់តែ ៣៩ភាគរយ និងមានឱកាសស៊ុតតែ៦លើក រីឯអូទ្រីសមានឱកាសស៊ុតដល់ទៅ ២១ លើកឯណោះ។ យ៉ាងណា ចាប់ផ្តើមការប្រកួតភ្លាម តួកគីបែរជាអាចនាំមុខភ្លាមដោយ ការស៊ុតរបស់ Merih Demiral ហើយវគ្គទី១មានការស៊ុតតែមួយលើកនេះ។

ចូលដល់វគ្គទី២ ទួរគីនៅតែរងគំនាបពីដៃគូ តែពួកគេនៅតែអាចរកបានគ្រាប់បាល់នាំមុខទី២ ដោយកីឡាករ Merih Demiral ដដែលជាអ្នកតែតបញ្ចូលទីនៅនាទី ៥៩។ ងាកមកក្រុមអូទ្រីសវិញ ពួកគេបានព្យាយាមវាយសម្រុកមិនសំចៃជើង ហើយក៏តាមបាន១គ្រាប់ដោយ Michael Gregoritsch ស៊ុតនៅនាទី៦៦។ យ៉ាងណា ម៉ោងដែលនៅសល់មិនមានគ្រាប់បាល់បញ្ចូលទីទៀតទេ គឺលទ្ធផល ទួរគី ២ អូទ្រីស ១ បានបន្តដល់ចប់ការប្រកួត។

ការធ្វើបានល្អរបស់កូនក្រុម បានធ្វើអោយ គ្រូបង្វឹកតួកគី លោក Vincenzo Montella មានការពេញចិត្ត និង កោតសរសើរដល់ការលេង យ៉ាងអស់ពីសមត្ថភាពរបស់កូនក្រុមទោះជាត្រូវរងការគាបសង្កត់ពីគូប្រជែងក៏ដោយ។

លោក Vincenzo Montella បាននិយាយក្រោយចប់ការប្រកួតថា “ពួកយើងអាចរកគ្រាប់បាល់បានទល់នឹងអូទ្រីស ដែលជាក្រុមដែលស៊ុតបញ្ចូលទីបានច្រើនជាងគេ ក្នុងការប្រកួតនេះ។ យ៉ាងណា កីឡាករខ្ញុំមិនបានបង្ហាញស្មារតីភ័យខ្លាចនោះទ ដូច្នេះខ្ញុំពិតជាមានមោទនភាពណាស់។ អ្វីដែលខ្ញុំបានឃើញ បានធ្វើអោយខ្ញុំស្រឡាញ់ពេញចិត្តក្រុមនេះជាខ្លាំង។”

ជ័យជំនះនេះបានធ្វើអោយក្រុមតួកគីក្លាយជាក្រុមចុងក្រោយដែលត្រូវឡើងទៅកាន់វគ្គ៨ក្រុម ដោយត្រូវជួបជាមួយក្រុមហូឡង់ ដែលបានទម្លាក់ក្រុមរ៉ូម៉ានី។ ក្រុមផ្សេងទៀតដែលត្រូវប្រកួតក្នុងវគ្គ៨ក្រុម UEFA Euro 2024 គឺ អេស្ប៉ាញ ប៉ះ អាល្លឺម៉ង់ ព័រទុយហ្កាល់ ប៉ះ បារាំង និង អង់គ្លេស ប៉ះ ស្វីស៕

សេវាបំរើអតិថិជន